កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយថា Samsung នឹងប្រើ តែ Snapdragon 8 Elite ប៉ុណ្ណោះក្នុងគ្រប់ម៉ូដែល Galaxy S25 របស់ខ្លួន។ ខណៈដែលមានរបាយការណ៍បង្ហាញថាស៊េរី Galaxy S26 ក៏នឹងពឹងផ្អែកលើបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ដូចគ្នាផងដែរ។
Galaxy S26 អាចនឹងប្រើ Snapdragon SoC
យោងតាម Ice Universe ដែលបានចែករំលែកព័ត៌មាននេះនៅលើ Weibo ក្រុមហ៊ុន Samsung កំពុងគិតអំពីការប្រើប្រាស់ប្រព័ន្ធដំណើរការ Snapdragon ទាំងស្រុងសម្រាប់ត្រកូល Galaxy S26 ។ ហើយនេះគឺជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តបន្ទះឈីប Snapdragon ព្រោះវាជាធម្មតាផ្តល់នូវដំណើរការខ្លាំង និងប្រសិទ្ធភាពថាមពលល្អ។
ទោះជាយ៉ាងណាក៏ដោយ Samsung មិនបានបោះបង់ចោលនូវប្រព័ន្ធដំណើរការ Exynos របស់ខ្លួននោះទេ។ Ice Universe ក៏បានលើកឡើងផងដែរថា Samsung កំពុងធ្វើការលើបន្ទះឈីប Exynos ថ្មីដែលមានកូដឈ្មោះ ‘Ulysses’។ បន្ទះឈីបនេះត្រូវបានគ្រោងសម្រាប់ប្រើប្រាស់នៅក្នុង Galaxy S27 ដែលត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2027។
បន្ទះឈីប Exynos ថ្មីនេះអាចនឹងត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យា 2nm ជំនាន់ទីពីររបស់ Samsung (SF2P) ដែលនឹងរួចរាល់នៅចុងឆ្នាំ 2026។ ពីដំបូង Galaxy S25 និង Galaxy S25+ ត្រូវបានគេសន្មត់ថាមានបន្ទះឈីប 3nm Exynos 2500 ដែលផលិតដោយ Samsung ផងដែរ។ ដោយសារតែបញ្ហានេះផលិតបន្ទះឈីបរបស់ខ្លួនជួបនៅបញ្ហាទើប Samsung បានសម្រេចចិត្តប្តូរម៉ូដែល Galaxy S25 ទាំងអស់ទៅប្រើបន្ទះឈីប Snapdragon 8 Elite ជំនួសវិញ។
ហើយសម្រាប់ពេលនេះ ក្រុមហ៊ុន Samsung កំពុងផ្តោតលើបន្ទះឈីប Snapdragon ប៉ុន្តែក្រុមហ៊ុនក៏មានគម្រោងធ្វើឱ្យម៉ាក Exynos រស់ឡើងវិញជាមួយនឹង “Project Ulysses” របស់ខ្លួន។ Samsung សង្ឃឹមថាជាមួយនឹងបន្ទះឈីបថ្មីនេះ ពួកគេអាចជៀសវាងបញ្ហាដែលធ្លាប់បានកើតឡើង ថែមទាំងនឹងកសាងទំនុកចិត្តឡើងវិញលើប្រព័ន្ធដំណើរការ Exynos។
សរុបមក Samsung កំពុងតែធ្វើការយ៉ាងខ្លាំងដើម្បីកែលម្អបន្ទះឈីបខាងក្នុងរបស់ខ្លួន ខណៈដែលពេលនេះខ្លួនត្រូវបង្ខំចិត្តប្រើប្រាស់បច្ចេកវិទ្យា Snapdragon សិន។ ហើយគ្រប់គ្នាក៏រង់ចាំមើល ថាតើអ្វីៗនឹងវិវឌ្ឍយ៉ាងណា ជាពិសេសជាមួយនឹងការចេញ Galaxy S27 នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រភព : gizmochina