Samsung Galaxy S25 Edge មិនមែនចេញនៅថ្ងៃទី១៥ ខែមេសានេះទេតែអាចនឹងចេញនៅថ្ងៃទី១៣ ខែឧសភា វិញ

របាយការណ៍ថ្មីបានអះអាងថា Samsung Galaxy S25 Edge នឹងត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ខុសពីកាលបរិច្ឆេទដែលបានរាយការណ៍ពីមុនថានឹងចេញនៅថ្ងៃទី១៥ ខែមេសា។ តាមព័ត៌មានពីក្រុមហ៊ុន ET News របស់កូរ៉េខាងត្បូង ដែលបានអោយដឹងថាការចេញលក់នឹងចាប់ផ្តើមនៅចន្លោះខែឧសភា និងខែមិថុនា។

ទាក់ទងនឹងលក្ខណៈបច្ចេកទេស ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងមានអេក្រង់ AMOLED ទំហំ 6,6 អ៊ីញ កម្រិត 2K ល្បឿនអេក្រង់ 120Hz និងឧបករណ៍ស្កេនស្នាមម្រាមដៃនៅក្នុងអេក្រង់។ វាមានកម្រាស់ត្រឹមតែ 5,84 មីលីម៉ែត្រ និងទម្ងន់ 162 ក្រាម ដោយប្រើស៊ុមដែកទីតានីញ៉ូមដែលមានការការពារ IP68 ប្រឆាំងធូលី និងទឹក។ ចំពោះកាមេរ៉ាគោលមានទំហំ 200MP ដែលមាន OIS កាមេរ៉ាជំនួយ 12 MP និងកាមេរ៉ាខាងមុខ 10MP។

ទូរស័ព្ទនេះនឹងដំណើរការលើប្រព័ន្ធ Android 15 ជាមួយ One UI 7 និងទទួលបានការអាប់ដេតប្រព័ន្ធ និងសុវត្ថិភាពរយៈពេល ៧ ឆ្នាំ។ រួមជាមួយនឹងការប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite ឬ Exynos របស់ Samsung ព្រមទាំងមាន RAM 12GB និងអង្គផ្ទុកទិន្នន័យរហូតដល់ 512GB។ ថ្មរបស់វាមានសមត្ថភាព 3900mAh ដែលគាំទ្រការសាកលឿន 25W។
ប្រភព : gizmochina